រតនគិរី÷ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់លក់ឪឡឹកបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា កាលពីវេលាប្រហែលម៉ោង១.២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលគាត់កំពុងច្រកឪឡឹកក្នុងថង់ ដើម្បីដឹកយកឲ្យម៉ូយដែលមានរម៉កម៉ូតូកំពុងចតអែបចិញ្ចើមផ្លូវចាំដឹកឪឡឹកយកឲ្យម៉ូយនោះ ស្រាប់តែត្រូវបានក្រុមសណ្ដាប់ធ្នាប់របស់សាលាក្រុងបានលុង ចាប់យកឪឡឹករបស់គាត់ប្រហែល១០០ផ្លែដែលច្រកថង់រួចយកទៅបាត់ ដោយបានចោទប្រកាន់ថា ស្ត្រីរូបនោះបានលក់លើចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើជើងដើរធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់។

ប៉ុន្តែស្ត្រីវ័យចំណាស់លក់ឪឡឹករូបនោះបានបញ្ជាក់ឲ្យអ្នកយកព័ត៌មានយើងដឹងបន្ថែមទៀតថា គាត់ពិតជាបានលក់ឪឡឹកនៅលើចិញ្ចើមផ្លូវពិតមែន ប៉ុន្តែការលក់របស់គាត់ គឺមិនបានលក់លយចូលទៅលើខឿនដែលជាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរនោះឡើយ.គឺលក់ត្រឹមការកំណត់របស់រដ្ឋបាលសាលាក្រុងបានលុង ដែលតែងតែដើរណែនាំអំពីសណ្ដាប់ធ្នាប់សាធារណៈកន្លងមកនោះទេ។

ចំណែកការចាប់យកឪឡឹកពីសំណាក់សណ្ដាប់ធ្នាប់របស់សាលាក្រុងបានលុង ស្ត្រីរូបនោះបានបន្តថា ផ្លែឪឡឹកដែលសណ្ដាប់ធ្នាប់សាលាក្រុងបានលុង ចាប់យករបស់គាត់ទៅនោះ គឺគាត់បានច្រកនៅក្នុងថង់រៀប និងលើកដាក់រម៉កម៉ូតូ យកទៅឱ្យមួយ ។ ពេលច្រករួចមិនទាន់នឹងលើកដាក់រម៉កម៉ូតូផង ស្រាប់តែសណ្ដាប់ធ្នាប់របស់រដ្ឋបាលក្រុងបានលុង ចាប់លើកយកទៅទាំងអស់តែម្ដង។

ពាក់ព័ន្ធរឿងនេះដែរ លោកធូ ឃឿអភិបាល នៃគណៈអភិបាលក្រុងបានលុងលោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះថា ខាងសណ្តាប់ក្រុងពិតជាមានការចាប់យកឪឡឹកមែន ព្រោះបានណែនាំរួចហើយ ដោយខាងលោកចៅហ្វាយក្រុងចាប់ហើយគឺមិនជូនវិញនោះទេ។

ចំណែកប្រជាពលរដ្ឋបានឃើញហេតុការណ៍ បានលើកឡើងថាការលក់ដូររបស់គាត់មិនជ្រុលហួសទៅមុខធ្វើឲ្យរាំងស្ទះប៉ះពាល់ដល់ថ្មើជើងធ្វើដំណើរនោះឡើយ ។ ប៉ុន្តែការចាប់យកឪឡឹករបស់គាត់ស្ត្រីខាងលើគឺដោយសារ ពេលរម៉ក់ម៉ូតូឈប់អែបចិញ្ចើមផ្លូវ ខណៈគាត់កំពុងច្រកឪឡឹករាប់ចូលក្នុងថង់មិនទាន់រួចរាល់ផងនោះ ស្រាប់តែសន្តិសុខសណ្ដាប់ធ្នាប់របស់រដ្ឋបាលសាលាក្រុងបានលុងលើកយកទៅតែម្ដង។

ចំណុចនេះចង់សួរលោកអភិបាលក្រុងបានលុងថា ក្នុងឪឡឹកប្រជាពលរដ្ឋ១ផ្លែអាចមានតម្លៃ៣០០០រៀល ចុះបើខាងលោកអភិបាលក្រុងបានលុងយកអស់ឪឡឹកអស់ចំនួន១០០ផ្លែ តើប្រជាពលរដ្ឋត្រូវចំណេញទឹកប្រាក់ប៉ុន្មាន..?!
ជុំវិញករណីសណ្ដាប់ធ្នាប់រដ្ឋបាលក្រុងបានលុង ចាប់យកឪឡឹករបស់ស្ត្រីខាងលើយកទៅទុកមិនព្រមប្រគល់ឲ្យវិញនេះ មានមតិមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការមួយចំនួនលើកឡើងថា លោក ធូរ ឃឿ អភិបាលក្រុងបានលុង គប្បីមានលិខិតជាលាយលក្ខអក្សរផ្ដិតមេដៃក្នុងការព្រមាន លើកិច្ចសន្យាឲ្យបានជាក់លាក់ជៀសវាងការប្រព្រឹត្តកំហុសឆ្គងនៅថ្ងៃក្រោយបន្តទៀត។
ចំណែកស្ត្រីរងគ្រោះដែលត្រូវសណ្ដាប់ធ្នាប់រដ្ឋបាលក្រុងបានលុង ខេត្តរតនគិរី ចាប់យកឪឡឹកនោះ បានបញ្ជាក់ថា គាត់ធ្លាក់ខ្លួនជាស្ត្រីមេម៉ាយមានជីវភាពក្រីក្រ រកស៊ីតាមចិញ្ចើមផ្លូវបែបនេះ ក៏ដោយសារមានប្តីជាទាហានដែលបានស្លាប់បាត់បង់នៅសមរភូមិមុខនោះដែរ៕