ក្រចេះ÷មានសេចក្តីរាយការណ៍ពីម្ចាស់អាជីវកម្មបូមខ្សាច់ដោយស្របច្បាប់នៅខេត្តក្រចេះបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ពួកគាត់អាចក្ស័យធន់នៅក្នុងអាជីវកម្មរបស់ពួកគាត់ ។ ខណៈ បច្ចុប្បន្នមានមន្ត្រី នៃមន្ទីរ៉ែនិងថាមពលខេត្តក្រចេះ មួយចំួនហាក់មានការឃុបឃិតគ្នានិងឈ្មួញ ដែលធ្វើអាជីវកម្មបូមខ្សាច់ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយកំពុងធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យលក់ទៅឲ្យក្រុមហ៊ុន KP ស៊ីម៉ង់ របស់ក្រុមហ៊ុនវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍យ៉ាងអនាធិបតេយ្យ ដោយពុំមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ ដែលមានតួនាទីនៅក្នុងខេត្តក្រចេះនោះឡើយ។

ប្រភពរាយការណ៍ពីអ្នកធ្វើអាជីវកម្មបូមខ្សាច់ស្របច្បាប់មួយចំនួននៅក្នុងខេត្តក្រចេះ បានឲ្យអ្នកយកព័ត៌មានយើងដឹងថា បច្ចុប្បន្នមានស្ត្រីម្នាក់កំពុងធ្វើអាជីវកម្មបូមខ្សាច់ ដោយមិនស្របច្បាប់របស់ស្ត្រី ល័ក្ខ កំពុងធ្វើអាជីវកម្មនិងសកម្មបូមខ្សាច់នៅឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វខេត្តក្រចេះ យ៉ាងអនាធិបតេយ្យ ។
ការធ្វើអាជីវកម្មដោយមិនស្របច្បាប់នេះបានធ្វើឲ្យបាត់បង់ចំណូលពន្ធជូនរដ្ឋយ៉ាងក្រាស់ក្រែល និងបានហូរចូលទៅក្នុងហោប៉ៅរបស់បុគ្គលដោយមិនស្របច្បាប់ ។

ដោយឡែករាល់ការលើកឡើងខាងលើអ្នកយកព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីស្ត្រីម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះ ល័ក្ខនោះបានឡើយ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥ នេះ ។
រីឯលោក ប្រធានមន្ទីររ៉ែថាមពលខេត្តក្រចេះ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ឲ្យដឹងថាក្នុងរឿងនេះលោកនឹងឆែកមើលសិន បើទទួលបានព័ត៌នលម្អិតយ៉ាងណានោះលោកនឹងឆ្លើយតបនៅពេលក្រោយ ។

ដោយឡែកពាក់ព័ន្ធនឹងអាជីវកម្មបូមខ្សាច់នេះដែរ ម្ចាស់អាជីវកម្មបូមខ្សាច់ដោយស្របច្បាប់ បានសំណូមពរស្នើសុំឱ្យអង្គភាពជំនាញមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ មេត្តាចុះទៅត្រួតពិនិត្យធ្វើអធិការកិច្ចឲ្យបានហ្មត់ចត់ទៅលើអាជីវកម្មបូមខ្សាច់របស់ស្ត្រីឈ្មោះល័ក្ខខាងលើនោះផង ។ ដែលកំពុងធ្វើចរាចរណ៍ដោយមិនស្របច្បាប់លក់ឲ្យក្រុមហ៊ុន KP ស៊ីម៉ង់ ដែលជាក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិនមួយដែលមានច្បាប់វិនិយោគដោយស្របច្បាប់នៅខេត្តក្រចេះយ៉ាងអនាធិបតេយ្យ ។

ចំណែកក្រុមហ៊ុនវិនិយោគK.Pស៊ីម៉ង់ របស់រដ្ឋចិនខាងលើអ្នកយកព័ត៌មានយើងមិនទាន់មានលេខទូរស័ព្ទ ដើម្បីសុំការពន្យល់បានឡើយនៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ.. ។/