រតនគិរី÷ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គម នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បាននិមន្តជួបជុំគ្នា ដើម្បីរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅវត្តឦសានរតនារាម ហៅវត្តភ្នំស្វាយ ស្ថិតក្នុង ភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង។

គោលបំណង នៃការជួបជុំគ្នានាឱកាសនេះ ដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខសន្តិភាព និងស្ថិរភាពកើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយ ទាហានសៀម និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាពដោយសន្តិវិធី និងធម៌អហិង្សា។ ការនិមន្តចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងមានការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗវីរ:កងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។

ក្នុងពិធីសាសនានាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិមាតុភូមិ ។ ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថា នេះជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ថើម្បីបញ្ជាក់ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជា ពិតជាមានគុណតម្លៃនិងគយណធម៌ស្មោះត្រង់ ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយមិនប្រើចុងកាណុង នៃអាវុធប្រកបដោយអំពើហឹង្សារ ៕






