ភ្នំពេញ÷ នៅរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីសម្តេច នាយករដ្ឋមន្ត្រី ដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប អស់រយៈពេល១សប្តាហ៍ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីកម្ពុជា កាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំ លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដោយបានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ។

កិច្ចប្រជុំនេះ គឺធ្វើឡើងក្រោមអធិបតីភាព លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលជាស្ថាបនិក ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។

ក្នុងកិច្ចជុំលើកដំបូងនេះ សហរដ្ឋអាមេរិក បានប្រកាសចូលវិភាគទានចំនួន១០ពាន់លានដុល្លារ សម្រាប់ក្រុមប្រឹក្សាសន្តិភាព ខណៈដែល ប្រទេសសមាជិកដទៃទៀត បានសន្យាថា នឹងចូលរួមវិភាគទានជាង ៧ពាន់លានដុល្លារបន្តទៀត សម្រាប់ការកសាងឡើងវិញ និងជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា ។

ក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល ក្នុងសុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម។

ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់បទសម្ភាសដល់សារព័ត៌មានអន្តរជាតិធំៗ ដូចជា Fox News និង Reuters ជាដើម។ ក្រៅពីនោះ សម្តេចក៏បានជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តដំណើរទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការផងដែរ ៕