ភ្នំពេញ÷ ក្នុងប្រតិបត្តិការក្ដៅគគុកកាលពីថ្ងៃទី២២ ខែមីនា កម្លាំងសមត្ថកិច្ចចម្រុះបានឆ្មក់ចូលបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងក្នុងខណ្ឌសែនសុខ ដោយឃាត់ខ្លួនមនុស្សបាន ៤៩នាក់ និងដកហូតទូរសព្ទដៃជិត ៧០០គ្រឿង ព្រមទាំងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។ ទោះបីជាតួលេខនៃការចាប់ខ្លួនមើលទៅហាក់ដូចជាជោគជ័យ ប៉ុន្តែវាក៏បានបង្កើតជាសំណួរដដែលៗក្នុងចិត្តមហាជនថា៖ «ហេតុអ្វីបានជាបង្ក្រាបមិនចេះអស់? ហើយតើមេខ្លោងពិតប្រាកដកំពុងនៅឯណា?»
រូបភាពដដែលៗ៖ ចាប់បានតែ «កូនជញ្ជក់»?

តាមរបាយការណ៍ ជនសង្ស័យដែលឃាត់ខ្លួនបានភាគច្រើនជាជនបរទេស (ចិន ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា) និងខ្មែរម្នាក់។ ក៏ប៉ុន្តែ ប្រវត្តិបង្ហាញថា ក្រុមទាំងនេះគ្រាន់តែជាអ្នកអនុវត្តផ្ទាល់ដែលផ្លាស់ទីតាំងពីខេត្តមួយ (ត្បូងឃ្មុំ) មកខេត្តមួយ (ភ្នំពេញ) ដើម្បីបន្តសកម្មភាព។ ការចាប់បានមនុស្សរាប់សិបនាក់ និងសម្ភារៈរាប់រយគ្រឿង ហាក់បីដូចជាការកាត់ត្រឹម «មែកធាង» ប៉ុន្តែ «ឫសគល់» ដែលជាអ្នកបញ្ជា និងអ្នកវិនិយោគទុនរាប់លានដុល្លារនៅពីក្រោយខ្នង នៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ។

មន្ទិលសង្ស័យ៖ តើមេខ្លោងនៅឯណា?
មហាជនតែងតែឆ្ងល់ថា ទីតាំងឆបោកខ្នាតធំដែលមានមនុស្សរស់នៅ និងធ្វើការរាប់សិបនាក់ ព្រមទាំងមានបណ្តាញអុីនធឺណិត និងឧបករណ៍បច្ចេកវិទ្យាទំនើបៗបែបនេះ ហេតុអ្វីអាចដំណើរការបានយ៉ាងរលូន?
តើមេខ្លោងធំៗមាន «ខ្នងបង្អែក» ដែរឬទេ?
តើការបង្ក្រាបនេះ ឈានទៅដល់ការបំបែកសំណុំរឿងដល់អ្នកផ្ដល់ទីតាំង និងអ្នកផ្ដល់អាជ្ញាបណ្ណដែរឬទេ?
ប្រសិនបើអាជ្ញាធរមិនអាចវែកមុខ «មេខ្លោង» ដែលអង្គុយបញ្ជានៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បានទេនោះ ទីតាំងថ្មីៗនឹងនៅតែបន្តកើតមានដូចផ្សិត ទោះបីជាទីតាំងចាស់ត្រូវបានបិទក៏ដោយ។

ការដាស់តឿន និងការប្ដេជ្ញាចិត្ត
រាជរដ្ឋាភិបាលបានកំណត់គោលដៅបោសសម្អាតឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦។ នេះគឺជាសញ្ញាវិជ្ជមាន ប៉ុន្តែវាក៏ជាការសាកល្បងសមត្ថភាពរបស់សមត្ថកិច្ចផងដែរ ។ ការអប់រំសម្រាប់បងប្អូនប្រជាពលរដ្ឋ កុំជឿលើការវិនិយោគងាយៗការសន្យាថា នឹងទទួលបានចំណេញខ្ពស់តាមអនឡាញ គឺជាអន្ទាក់។ ប្រុងប្រយ័ត្នចំពោះការងារប្រាក់ខែខ្ពស់៖ ការងារដែលផ្ដល់ប្រាក់ខែខ្ពស់ខុសធម្មតាសម្រាប់ជនបរទេស ឬយុវជនខ្មែរនៅតាមតំបន់សេដ្ឋកិច្ចពិសេស ជារឿយៗគឺជាការបង្ខាំងឱ្យធ្វើការក្នុងបណ្ដាញ Scam ។

ចូលរួមរាយការណ៍៖ បងប្អូនដែលដឹងពីទីតាំងសង្ស័យ ឬការជួលអគារសង្ស័យ គួរផ្ដល់ព័ត៌មានដល់សមត្ថកិច្ចភ្លាមៗ ។ សរុបមក៖ ការបង្ក្រាបនៅខណ្ឌសែនសុខនេះ គឺជាជំហានមួយនៃច្បាប់ ប៉ុន្តែវានឹងកាន់តែមានន័យ ប្រសិនបើសមត្ថកិច្ចអាចបង្ហាញមុខមេខ្លោងពិតប្រាកដមកកាត់ទោស ដើម្បីជាការព្រមានដល់ក្រុមដទៃទៀត កុំឱ្យយកទឹកដីកម្ពុជាធ្វើជាជម្រកនៃបទល្មើសបច្ចេកវិទ្យាតទៅទៀត។